top of page

ដំបូន្មានមួយដែល លោកBill Gates បានបង្រៀនយើងពី រឿងប្រាក់កាស

Updated: Jan 31



តើអ្នកអានទាំងអស់គ្នាធ្លាប់ឮពីឃ្លាមួយរបស់ Bill Gates ដែរទេ? លោកធ្លាប់បានវាចាប្រៀនប្រដៅយើងអំពីរឿងហិរញ្ញវត្ថុថា៖ "save like a pessimist and invest like an optimist"


#តើប្រយោគនេះមានន័យយ៉ាងណា?

ប្រសិនបើប្រែជាខេមរភាសាអាចវែងអន្លាយបន្តិច គឺ “គិតបែបមនុស្សសុទិដ្ឋិនិយមពេលឮពីការវិនិយោគ តែត្រូវគិតឲ្យទុទិ្ទដ្ឋិនិយមពេលនិយាយពីរឿងសន្សំលុយ”។ បើសិនយើងសម្រាយជាន័យស្រួលយល់ គឺលោក Bill Gates ចង់បានន័យថា អ្នកត្រូវវិនិយោគហាក់ដូចរឿងល្អនឹងកើតឡើង ប៉ុន្ដែត្រូវសន្សំប្រាក់ឲ្យដូចស្អែកនឹងជួបរឿងអាក្រក់។


ពោលគឺ គាត់ចង់ឲ្យអ្នកមានកញ្ចប់ប្រាក់សន្សំមួយជាប់ខ្លួនជានិច្ច ត្រៀមខ្លួនឲ្យរួចរាល់ទប់ទល់ហេតុការណ៍ស្មានមិនដល់ណាមួយដែល​អាចនឹងកើតឡើងបានគ្រប់វិនាទី ជាពិសេសគឺនៅក្នុងសម័យសេដ្ឋកិច្ចមិននឹងធឹងនេះ ឧទាហរណ៍ អ្នកអាចនឹងបាត់បង់ការងារ​ ឬសូម្បីត្រូវការថ្លៃព្យាបាលភ្លាមៗក៏ដោយ។ វាគឺអ្វីដែល​ចាំបាច់គប្បីត្រូវធ្វើសម្រាប់មនុស្សគ្រប់រូប។


នៅខណៈតែ​មួយ អ្នកគប្បីវិនិយោគហាក់ដូចរឿងល្អនឹងកើតឡើង។ Gates ចង់ប្រាប់ថា ការវិនិយោគឺពិតជាមានសក្ដានុពលក្នុងការផ្ដល់ឲ្យអ្នកនូវតម្លៃតបស្នងត្រលប់មកវិញដ៏ល្អក្នុងរយៈពេលវែង។ ស្របជាមួយគ្នានេះ ឃ្លានេះក៏បានបង្កប់ជាន័យថា អ្នកគួរចេះគណនា ហើយវាយតម្លៃហានិភ័យ និងត្រៀមខ្លួនក្នុងការទទួលយកឱកាសខាតបង់ប្រាក់ផងដែរ។


ខ្លីជាន័យ​ Bill Gates បានផ្ដល់ជាសារថា ការមានប្រាក់សន្សំគឺពិតជារឿងសំខាន់ និងចាំបាច់ ព្រោះអ្នកអាចនឹងត្រូវប្រើវាគ្រប់ពេល។ ស្របជាមួយគ្នា ការវិនិយោគផ្ដល់នូវហានិភ័យ ប៉ុន្ដែជាកន្លែងសន្សំទ្រព្យរយៈពេលវែងដ៏ល្អឲ្យតែអ្នកចេះគន់គូរពីកម្រិតហានិភ័យ និងវិនិយោគដោយភាពឆ្លាតវៃ៕

Comments


bottom of page