top of page

៦ សំនួរ គួរសួរខ្លួនឯង មុនប្តូរទៅកាន់ iPhone 15

Updated: Jan 22



ការសម្រេចចិត្តស្ថិតលើអ្នក តែនេះជាគំនិតខ្លះៗគួរពិចារណា (ព្រោះអ្នកចាយឆ្លាតវៃ គប្បីគួរពិចារណាឱ្យច្បាស់សិន)


#១. តើអ្នកត្រូវចំណាយកម្លាំងធ្វើការប៉ុន្មានម៉ោងទើបទិញបាន?



តម្លៃ iPhone 15 មានចន្លោះចាប់ពី $1000+ អ៊ីចឹងហើយ បើចង់​បានវា​មួយ គឺអាស្រ័យ​លើប្រាក់​ខែរបស់អ្នក​ទេ។ ឧទាហរណ៍បើបូក​ដក​គុណ​ចែក​កម្លាំង​ពល​កម្មការងារ​នៅប្រទេស​ថៃ​ ប្រើពេលជាមធ្យម 348.4ម៉ោង ចំណែក​ចិន ប្រើពេល​ 227.1ម៉ោង ខណៈដែល​សិង្ហបុរីប្រើពេល 54.8ម៉ោង។ ចុះបើសិនអ្នកមានប្រាក់ខែ 200$ 300$ តើធ្វើការប៉ុន្មានម៉ោង ឬត្រូវសន្សំប៉ុន្មានខែ ទើបបានវាមក?


#២. តើ iPhone សេរីថ្មីនេះ ជាតម្រូវការចាំបាច់របស់អ្នកឬទេ?



ប្រាកដណាស់ថា ទូរសព្ទ IPhone 15 មានការរចនានូវឧបករណ៍ទំនើបជាងសេរីមុនៗ​ ប្រសិនបើអ្នកចំណាយលុយរាប់រយ រាប់ពាន់ដុល្លារ ដើម្បីទិញវាមក តើវាអាចជួយអ្នកក្នុងកិច្ចការចាំបាច់អ្វីខ្លះ? បើអ្នកលក់តាមអនឡាញ អាចជាតម្រូវចាំបាច់ខ្លះដែរ ​ព្រោះពួកគេត្រូវប្រើប្រាស់សម្រាប់ថតទំនិញដាក់លក់ និង Live លក់ផលិតផលជាដើម។


#៣. តើអ្នកកំពុង​មានការចាំបាច់ណាមួយដែលត្រូវចំណាយលុយលើដែរឬទេ?



មុននឹងសម្រេចចិត្តចាយលុយរាប់រយដុល្លារនោះ អ្នកគួរគិតគូរឲ្យបានហ្មត់ចត់ថា មានតម្រូវការចាំបាច់អ្វីខ្លះ ដែលអ្នកកំពុងខ្វះខាត ហើយអ្នកមានលុយគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនោះទេ។ បើអ្នកមានគ្រប់​គ្រាន់ហើយ អ្នកគួរទិញទៅ ព្រោះគុណភាព Apple គេទទួលស្គាល់ថាល្អប្រើ។


#៤​​​​. ទិញបំពេញចិត្ត ចុះបើជាប់បំណុលគេព្រោះវា អ្នកគិតបែបណា?



ធម្មតាទេ​ ពេលអ្នកបានឃើញរបស់ដែលគេកំពុងពេញនិយមប្រើប្រាស់ និងទៅណាឮគេនិយាយពីវារហូត នោះអ្នកមានចិត្តចង់ទិញ ចង់បាន ហើយគិតថាទិញដើម្បីក្ដីសុខរបស់ខ្លួន ហើយសុខចិត្តបង់រំលស់ ឬជាប់បំណុល រយៈពេល ៦ ខែទៅ ១ ឆ្នាំ នោះក៏មិនល្អសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកនៅពេលក្រោយប៉ុន្មានដែរ។


#៥. តើមានអ្វីអាចជំនួសវាបានទេ?


ទូរសព្ទទំនើបៗមានច្រើនប្រភេទណាស់ ហើយតម្លៃក៏សមល្មមត្រឹម $200 $300 ដែលមានកាម៉ារាស្អាត អាចប្រើប្រាស់បណ្ដាញសង្គម Facebook ឬ YouTube ឯថ្មកាន់បានយូរ និងការរចនាក៏ស្អាត ស្រាលស្រួលកាន់។

#៦. ហេតុអ្វីបានជាចង់បានវា?


បើសិនជាអ្នកនៅមានបញ្ហារឿងលុយកាក់នៅឡើយទេ អ្នកគួរតែគិតឲ្យល្អិតល្អន់បន្តិចមុនសម្រេចចិត្តទិញសម្ភារៈថ្លៃៗទាំងនោះ។ ដោយអ្នកអាចសរសេរទុកនូវកត្តាទាំងឡាយដែលជំរុញឲ្យអ្នកចង់បានវា រួចមើលថាវាចូលចំណុចទាំង ៥ ខាងលើអត់ ហើយកត្តាទាំងនោះចាំបាច់ឬទេ ប្រសិនបើមិនចាំបាច់អ្នកមិនគួរទិញទេ ព្រោះសម័យកូវីដនេះ ពិបាករកលុយណាស់។


អត្ថបទនេះអត់បានបញ្ចុះបញ្ចូលមិនឱ្យទិញទេណា៎ ព្រោះបើអ្នក​គិត​ថា​ខ្លួន​ឯង​អាច​មាន​សមត្ថភាព​ទិញវា​បាន​ដោយ​មិន​ចាំបាច់​ជំពាក់​បំណុល​អ្នកណា ហើយថែម​ទាំង​សល់​លុយ​សន្សំទៀត​នោះ គឺ​គួរគិត​គូរទិញមួយ​ប្រើ​បាន​ ព្រោះអេតមីនក៏​ចង់បាន​មួយ​ដែរ​

Commentaires


bottom of page