top of page

ល្បិចសន្សំលុយងាយៗ ដែលអាចអនុវត្តបាន


ចង់សន្សំលុយ តែមិនដឹងសន្សំតាមរបៀបណា នេះជាល្បិចសន្សំលុយទាំង ៥ ដែលអ្នកអាចអនុវត្តបានដើម្បីសន្សំលុយបន្តិចម្តងៗដោយមិនទាមទារឲ្យអ្នកមានកំណត់ត្រាអ្វីច្រើនឡើយ!​ 


ល្បិចសន្សំទី១៖ ច្បាប់ ២៤ ម៉ោង (24-hour rule) 

តើអ្នកធ្លាប់ទិញទំនិញអ្វីមួយហើយមានអារម្មណ៍ថាស្តាយក្រោយដែលបានទិញទំនិញនោះទេ? បើសិនជាធ្លាប់ អ្នកមិនមែនជាបុគ្គលតែមួយរូបដែលជួបប្រទះនឹងបញ្ហានេះ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរអនុវត្តនូវច្បាប់ ២៤ ម៉ោង (24-hour rule)។ តើច្បាប់នេះជួយឲ្យអ្នកសន្សំបានយ៉ាងម៉េចទៅ?

ច្បាប់២៤ម៉ោង (24-hour rule) តម្រូវឲ្យអ្នករង់ចាំរយៈពេល ២៤ ម៉ោងមុននឹងទិញទំនិញអ្វីមួយ ជាពិសេសទំនិញដែលមានតម្លៃថ្លៃ។ ក្រោយពេលរង់ចាំអស់រយៈពេល២៤ម៉ោងហើយ បើសិនជាអ្នកនៅតែចង់ទិញទំនិញនោះទៀត នោះអ្នកអាចទិញបាន តែបើសិនជាអ្នកមិនចង់ទិញទំនិញនោះទេ អ្នកអាចយកលុយដែលបំរុងនឹងទិញទំនិញនោះទៅសន្សំបាន។ យុទ្ធសាស្ត្រនេះមានប្រសិទ្ធិភាពដោយសារតែនៅពេលដែលអ្នកចំណាយពេលរង់ចាំអ្នកនឹងមានពេលពិចារណាថាតើទំនិញដែលអ្នកបំរុងនឹងទិញនោះចាំបាច់ឬអត់។


•ល្បិចសន្សំទី២៖ បង្កើតថ្ងៃ No Spend Day

No Spend Day ជាថ្ងៃដែលមិនចាយសោះ។ ស្តាប់ទៅដូចជាពិបាកធ្វើណាស់មែនទេ? ពិតណាស់! តែអ្នកអាចធ្វើបាន។  ប្រសិនបើអ្នកកំណត់កាលវិភាគច្បាស់លាស់មួយសម្រាប់ថ្ងៃដែលអ្នកមិនចាយសោះ ឧទាហរណ៍ថាអ្នកកំណត់យកថ្ងៃពុធជាថ្ងៃដែលអ្នកមិនចាយសោះ ដូចនេះរៀងរាល់ថ្ងៃពុធ អ្នកត្រូវតាំងចិត្តថាអ្នកនឹងមិនចំណាយសូម្បីតែ១រយរៀល។ ការបង្កើតថ្ងៃ No Spend Day អាចឲ្យអ្នកបន្ថយការចាយវាយ និងបង្កើនការសន្សំបានយ៉ាងមានប្រសិទ្ធិភាព។


ល្បិចសន្សំទី៣៖ ទម្លាប់សន្សំលុយអាប់

ពេលដែលយើងទិញទំនិញអ្វីមួយ ជារឿយៗ យើងតែងទទួលបានលុយអាប់ ១រយ ទៅ ៥រយ ឬច្រើនជាងនេះតិចតួច។ លុយអាប់ដែលអ្នកទទួលបាននោះថ្វីត្បិតតែតិចមែន តែបើសិនជាអ្នកសន្សំម្តងបន្តិចៗអ្នកនឹងទទួលបានលុយច្រើនគួរសម។ ទម្លាប់សន្សំលុយអាប់ជាល្បិចសន្សំលុយមួយដែលធ្វើឲ្យអ្នកសន្សំលុយបានច្រើនដោយមិនដឹងខ្លួន និងមានភាពងាយស្រួលទៀតផង។


ល្បិចសន្សំទី៤៖ យកតែចំនួនលុយដែលត្រូវចាយទៅតាមខ្លួន

វិធីសន្សំមួយនេះ គឺមានប្រសិទ្ធិភាពណាស់ ជាពិសេសអ្នកចូលចិត្តដើរ shopping ញឹកញាប់។ ការយកតែចំនួនលុយដែលត្រូវចាយទៅតាមខ្លួន ជួយកុំឲ្យអ្នកចាយវាយខ្ជះខ្ជាយដោយសារកាលណាយើងយកលុយច្រើនតាមខ្លួន យើងអាចនឹងទិញវត្ថុដែលមិនចាំបាច់ព្រោះយើងមានលុយច្រើននៅក្នុងដៃ តែបើសិនជាយើងយកតែចំនួនលុយដែលត្រូវចាយវាយទៅតាមខ្លួន នោះយើងអាចជៀសវាងការចាយវាយខ្ជះខ្ជាយបានច្រើន។


ល្បិចសន្សំទី៥៖ ស៊ើបសួរឲ្យបានច្រើនកន្លែងមុននឹងទិញ

ឧទាហរណ៍ថា អ្នកចង់ទិញក្រែមលាបមាត់ អ្នកគួរតែសាកសួរតម្លៃឲ្យបានច្រើនកន្លែង ហើយយកតម្លៃនោះមកធ្វើការប្រៀបធៀបគ្នា។ ប្រសិនបើតម្លៃណាមួយតិចជាងគេ នោះអ្នកអាចសម្រេចចិត្តទិញក្រែមលាបមាត់នៅហាងនោះ។ បើសិនជាហាងទី១លក់ក្រែមលាបមាត់ថោកជាងហាងទី២ ១ដុល្លារ នោះអ្នកគួរសម្រេចចិត្តទិញក្រែមលាបមាត់នៅហាងទៅទី១ ហើយយកលុយ ១ដុល្លារយកទៅសន្សំ។


Comments


bottom of page