top of page

លេខបួនខ្ទង់នេះ អាចកំណត់ថាអ្នកអាចខ្ចីលុយបាន ឬ មិនបាន?


 

ធ្លាប់ឆ្ងល់អត់ថា អ្នកខ្លះហត់នឹងប្រកែកពេលធនាគារបំបុកអោយខ្ចីលុយ រីឯអ្នកខ្លះទៀត បើទោះបីជាខំរៀបចំឯកសារ ដាក់របាយការធនាគារ និង នាំបុគ្គលិកធនាគារទៅមើលដល់ផ្ទះ ក៏ពិបាកស្នើសុំកម្ចីដែរ ហើយមូលហេតុនេះគឺមកពីលេខ បួនខ្ទង់ប៉ុណ្ណោះ នោះគឺ ខេស្ករ ឬ យើងហៅថា ពិន្ទុឥណទាននេះឯង។ សម័យឥលូវ ខ្ចីលុយធនាគារ មកទិញសម្ភារៈ ឬ រកស៊ីមិនមែនជារឿងដែលត្រូវលាក់លៀម ឬ គួរអោយខ្មាសគេនោះទេ ក៏ប៉ុន្តែបើធនាគារច្រានចោលមិនអោយខ្ចី នឹងទើបជារឿងដែល គួរអោយខ្មាស ព្រោះអីវាអាចសបង្ហាញនូវកំហុសឆ្គង ឬ ចំណុចអសមត្ថភាពយើងមួយចំនួននៅក្នុងការរៀបចំហិរញ្ញវត្ថុផ្ទាល់របស់យើង។


 

ប្រសិនបើអ្នកកំពុងតែមានបំណុលនៅគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់រួចហើយ ឬ ក៏ត្រឹមខ្លួននឹងស្នើយើងកម្ចី នោះអត្ថបទមួយនេះគឺសម្រាប់អ្នក។


ស្រម៉ៃទៅមើលថា អ្នកមានគម្រោងចាប់ផ្តើមរៀបចំគ្រួសារតូចមួយ នៅ ៥ ឆ្នាំទៀត ដោយគ្រោងទិញរថយន្តអគ្គីសនីថ្មីមួយ ក៏ដូចជាចាប់ផ្តើមបង់រំលស់ផ្ទះតូចសមរម្យមួយនៅជិតក្រុង ក៏ប៉ុន្តែនៅពេលដែលពេលវេលាមកដល់ អ្នកដើរចូលទៅធនាគារស្នើសុំកម្ចី ក៏ប៉ុន្តែត្រូវបានគេបដិសេធភ្លាមៗ នោះតើក វាអាចនឹងធ្វើអោយប៉ះពាល់ដល់ផ្លូវចិត្ត និង ជីវិតអាពាហ៍ពិពាហ៍របស់អ្នកដល់កម្រិតណា? អ្នកអាចបង្ការកុំអោយរឿងនេះកើតឡើងបាន ហើយអ្វីដែលអ្នកត្រូវធ្វើនោះ គឺចាប់ផ្តើមកសាង និង រក្សា ពិន្ទុឥណទាន និង ខេស្កររបស់អ្នកអោយមានស្ថិតនៅក្នុងពិន្ទុខ្ពស់ចាប់ពីពេលនេះបាន។


តើអ្វីទៅគឺ ខេស្ករ (ពិន្ទុឥណទាន)  ឬ ភាសាបច្ចេកទេសហៅថា Credit Score ?ពិន្ទុឥណទាន គឺជាតួលេខដែល​បកស្រាយពីប្រវត្តិ និងព័ត៌មានបច្ចុប្បន្ននៃព័ត៌មានឥណទានរបស់អ្នក ឬមួយអាចនិយាយបានថាជាសូចនាករដែល​វាយតម្លៃពីកម្រិតហានិភ័យរបស់អ្នក (អ្នកខ្ចី) ទៅកាន់អ្នកផ្ដល់កម្ចី។ ជាទូទៅ នៅពេលអ្នកទៅស្នើសុំកម្ចីផ្លូវការពីស្ថានប័នហិរញ្ញវត្ថុណាមួយពួកគេនឹងត្រូវការពិនិត្យឯកសារជាច្រើនមុនពេលសម្រេចចិត្តផ្ដល់កម្ចីឲ្យអ្នក ហើយក្នុងនោះ ពិន្ទុឥណទានក៏ជាផ្នែកមួយនៃឯកសារសំខាន់ដែល​ពួកគេត្រូវពិនិត្យដែរ។ នៅក្នុងប្រទេសកម្ពុជាយើង ពិន្ទុឥណទាន ក៏ដូចជារបាយការផ្សេងៗទៀត ត្រូវបានកត់ត្រា និងរក្សាទុកនៅ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ឬដែលយើងចំណាំហៅថា CBC។


តើកត្តាអ្វីខ្លះដែលធ្វើឱ្យខ្ញុំមានប្រវត្តិឥណទានមិនល្អ?


👉 ១៖  ការសងប្រាក់ត្រឡប់យឺតយ៉ាវ 

ការសងប្រាក់ត្រឡប់យឺតយ៉ាវ ជាករណីមួយដែលកូនបំណុលធ្វើការសងប្រាក់ត្រឡប់ទៅវិញរួមមាន ប្រាក់ដែលបានខ្ចី (ប្រាក់ដើម) និងអត្រាការប្រាក់ នៅក្រោយពេលវេលាដែលបានកំណត់។ចំពោះពេលវេលានោះទៀតសោត គឺ ស្របតាមការកំណត់ក្នុងកិច្ចព្រមព្រៀងរវាងភាគីទាំង២ (ម្ចាស់បំណុល និងកូនបំណុល)។ 

រាល់ទិន្នន័យនៃការយឺតយ៉ាវទាំងអស់ នឹងត្រូវបានស្រង់ចូលក្នុងការប្រវត្តិឥណទានរបស់កូនបំណុល ហើយវានឹងនឹងប៉ះពាល់ដល់ពិន្ទុឥណទានរបស់ពួកគេតាមទំហំនៃប្រាក់កម្ចី និងរយៈពេលនៃការយឺតយ៉ាវនោះ។ 


👉 មូលហេតុទី ២៖ ខកខានលើការសងប្រាក់ 

ការខកខានការសងប្រាក់ (Loan default) ជាស្ថានភាព ដែលកូនបំណុលមានការខកខានសងប្រាក់ត្រឡប់ក្នុងរយៈពេលវែងមួយអាស្រ័យលើប្រភេទនៃកម្ចី ឬមិនសងតែម្ដង ក្នុងករណីកូនបំណុលគ្មានលទ្ធភាពសង។ករណីនេះ បង្កើតឲ្យមានប្រវត្តិឥណទានមិនល្អ ដែលកូនបំណុលនឹងមានការពិបាកស្នើសុំកម្ចីនាពេលអនាគត ព្រោះម្ចាស់បំណុល ឬគ្រឹះស្ថានហិរញ្ញវត្ថផ្សេងទៀតនឹងត្រួតពិនិត្យចំណុចទាំងនោះ ដោយអាចចាត់ទុកថាជាហានិភ័យខ្ពស់ក្នុងការផ្ដល់កម្ចីឲ្យទៀតផង។  


👉មូលហេតុទី ៣៖ ធ្លាប់មានប្រវត្តិក្ស័យធន

ត្រង់ចំណុចនេះ ចង់សំដៅលើប្រវត្តិដែលអ្នកធ្លាប់ប្រកាសអំពីការអស់សមត្ថភាពសងបំណុល ជាសាធារណ ដើម្បីទទួលបាននូវការការពារផ្នែកផ្លូវច្បាប់។ លក្ខណៈនេះ មិនសូវខុសគ្នាប៉ុន្មានពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុននោះទេ ដោយអាជ្ញាធរដែលពាក់ព័ន្ធនឹងធ្វើការបែងចែកទ្រព្យសម្បត្តិនានា ដែលអ្នកមាន ហើយពាក់ព័ន្ធជាមួយបំណុល ដើម្បីធ្វើការសងទៅកាន់ម្ចាស់បំណុលវិញ។ កត្តានេះ អាចប៉ះពាល់ដល់ពិន្ទុឥណទានរបស់អ្នក តែមិនមែនធ្វើឲ្យធ្លាក់ទាំងស្រុងនោះទេ គឺវាអាស្រ័យនឹងទំហំនៃការក្ស័យធននោះដែរ។ ប៉ុន្ដែ វាអាចបង្កើតប្រវត្តិមិនល្អក្នុងរបាយការណ៍ឥណទានរបស់អ្នក ដែលអាចនឹងពិបាកក្នុងការស្នើសុំកម្ចីនាពេលក្រោយ ដោយម្ចាស់បំណុលនឹងធ្វើការសិក្សាច្រើនជាងធម្មតាអំពីអ្នកមុននឹងឲ្យកម្ចី។ 


ធ្វើដូចម្តេចដើម្បីស្តារ និង ក៏សាងប្រវត្តិឥណទានរបស់អ្នកអោយបានល្អ?  1. សងត្រឡប់ទៅកាន់ស្ថាប័នរបស់អ្នកវិញអោយបានទាន់ពេល។ យឺតសូម្បី ១ ថ្ងៃ ក៏នឹងលោតពិន្ទុអាក្រក់ផងដែរ ហេតុដូច្នេះអ្នកគប្បីកំណត់ថ្ងៃសងត្រឡប់ អោយទាន់ពេល។

  2. រក្សាបំណុលអោយទាបបំផុត ធៀបនឹងសមត្ថភាពដែលអាចសាងបាន។ ឧទាហរណ៍ថា បើអ្នកមានលទ្ធភាពអាចខ្ចីបានដល់ ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិច នោះអ្នកគប្បីស្នើកម្ចីត្រឹម ៣ ម៉ឺន ទៅ ៥ ម៉ឺនដុល្លារបានហើយ ព្រោះវាបញ្ជាក់ថាអ្នកមានគម្រោងហិរញ្ញវត្ថុច្បាស់លាស់ ហើយថ្ងៃក្រោយពេលត្រូវការលុយបន្ទាន់ អ្នកអាចស្នើយកថែមបាន ដោយគ្មានការព្រួយបារម្ភ។ 

  3. ប្រើប្រាស់ប្រភេទកម្ចីចម្រុះ។ ចៀសវាងមានកម្ចីដែលមានប្រភេទដូចគ្នាច្រើន ជាក់ស្ដែងអ្នកអាចជាប់ឈ្មោះកម្ចីផ្ទាល់ខ្លួន (Personal loan) ចំនួន ១ ឬ ២ បាន ហើយផ្សេងទៀត អាចជាកាតឥណទាន កម្ចីទិញរថយន្ត ឬ កម្ចីទិញអចលនទ្រព្យ។ គ្រឹះស្ថានហិរញ្ញវត្ថុមានភាពតឹងរឹង ពោលមិនងាយអនុម័តអោយអ្នកមានប្រភេទកម្ចីដូចគ្នាច្រើននោះទេ (កម្ចីផ្ទាល់ខ្លួន ឬ កម្ចីទិញគេហដ្ឋានជាដើម)។

  4. ត្រូវឧស្សាហពិនិត្យមើលរបាយការណ៍ឥណទានអ្នកអោយបានប្រចាំ។ អ្នកអាចទាញរបាយការណ៍ឥណទានរបស់អ្នក បានដោយឥតគិតថ្លៃពីកម្មវិធី CBC Mobile 

  5. បើមិនចាំបាច់ ចៀសវាងកុំស្នើកម្ចីផ្តេសផ្តាស ជាពិសេសកម្ចីអនឡាញតាមកម្មវិធីធនាគារ។ រៀងរាល់ពេលអ្នកស្នើកម្ចីម្តង នោះគណនីរបស់អ្នក នឹ​ងជាប់ប្រវត្តិម្តង ហើយបើកម្ចីនេះបរាជ័យ នោះប្រាកដជាប៉ះពាល់ដល់ពិន្ទុឥណទានរបស់អ្នកជាក់ជាមិនខាន។ ហេតុដូច្នេះហើយ ប្រសិនបើជាមិនចាំបាច់ និង ប្រសិនបើអ្នកគ្មានគម្រោងច្បាស់លាស់ទេ សូមកុំស្នើកម្ចីផ្តេសផ្តាស អោយសោះ ជាពិសេសនៅតាមកម្មវិធីធានាគារក្នុងទូរស័ព្ទដៃយើង ព្រោះវាមើលទៅចំណាយពេលតិច និង ងាយស្រួល ក៏ប៉ុន្តែ ក៏ងាយនឹងមានរបាយការណ៍មិនល្អផងដែរ។


 

ឆ្ងល់ទេថា ហេតុអ្វីបានជាប្រជាជនយើងភាគច្រើន មានផលវិបាក ក្នុងការទទួលបានកម្ចី ?


  • ពុំមានប្រវត្តិឥណទានច្បាស់លាស់៖ ប្រជាជនភាគច្រើន នៅប្រើប្រាស់កម្ចីក្រៅប្រព័ន្ធ ដូចជាដើរខ្ចីបុលគេ លេងតុងទីន ឬ ខ្ចីពីស្ថាប័នមិនស្របច្បាប់ ជាហេតុពួកគាត់មិនមានប្រវត្តិឥណទានច្បាស់លាស់។ នៅពេលដែលពួកគាត់ចង់ទៅស្នើកម្ចីពិស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬ ធនាគារ ពួកគាត់ពិបាកនឹងទទួលាបានកម្ចីធំ ឬ កម្ចីដែលមានការប្រាក់ល្អ។

  • ពុំមានចំណេះដឹងហិរញ្ញវត្ថុច្បាស់លាស់៖ ប្រសិនបើអ្នកមិនស្គាល់ថាអ្វីទៅគឺជាប្រវត្តិឥណទាន មិនយល់អំពីការស្នើសុំកម្ចី របៀបរក្សាប្រវត្តិឥណទានបានល្អ មិនយល់ថាត្រូវមានលក្ខ័ណ្ឌអ្វីខ្លះ មុននឹងទៅស្នើយកកម្ចី និង តើគួរយកកម្ចីប្រភេទណា នោះអ្នកនឹងមានឱកាសតិចតួចប៉ុណ្ណោះ ទើបបានអនុម័តកម្ចី

តើអ្នកគួររៀបចំខ្លួនដូចម្តេចខ្លះពីឥលូវ ដើម្បីអាចកសាងពិន្ទុឥណទានបានល្អនៅថ្ងៃអនាគត?


  • ផ្សារភ្ជាប់ខ្លួនអ្នកអោយស៊ាំជាមួយនឹងចំនេះដឹងហិរញ្ញវត្ថុ៖ ពីវ័យឥលូវទៅ អ្នកគួរមានចំណេះដឹង ក៏ដូចជាជំនាញទន់ទៅលើ ការគ្រប់គ្រងឥណទានផ្ទាល់ខ្លួន ការគ្រប់គ្រងលុយកាក់ ការស្នើរ និង ប្រើប្រាស់កម្ចីប្រកបដោយទំនួលខុសត្រូវ ហើយទាំងអស់នេះ អ្នកអាចរកបាននៅ CamboFinance

  • មានទម្លាប់ខ្ចីលុយប្រកបដោយទំនួលខុសត្រូវ និង មានភាពឆ្លាតវៃ៖ ពេលអ្នកចាប់ផ្តើមមានតម្រូវការហិរញ្ញវត្ថុ អ្នកអាចចាប់ផ្តើមពីទំហំតូចទៅ និង ធ្វើការទូទាត់សងអោយបានទាន់ពេល ដើម្បីរក្សាប្រវត្តឥណទានអោយបានល្អ

  • ឆែកមើលរបាយការណ៍ឥណទានរបស់អ្នកអោយបានទៀងទាត់ ហើយប្រសិនបើមានបញ្ហា មិនប្រក្រតីណាមួយ អ្នកអាចរាយការណ៍ និង ទទួលបានការព្រឹក្សាទាន់ពេលពីគ្រឹះស្ថានដែលអ្នកស្នើសុំកម្ចី។


 

ត្រូវចាំណាថា:


"អ្នកអាសម្រេចជោគវាសនារបស់ខ្លួនឯងបាន។ គ្មាននរណាម្នាក់អាចដាក់ពិន្ទុឥណទាននេះអោយអ្នកនោះទេ ពោលគឺមានតែខ្លួនអ្នកផ្ទាល់។ ហេតុដូច្នេះហើយប្រសិនបើអ្នកចង់រក្សាក្រេឌីតខ្លួនឯងអោយបានខ្ពស់ និង ចង់មានភាពងាយស្រួលរៀងរាល់ពេលមានតម្រូវការហិរញ្ញវត្ថុ សូមគិតគូរ និង មើលថែប្រវត្តិឥណទាននេះអោយបានឌិតដល់បំផុត។ប្រសិនបើអ្នកមានចម្ងល់ ឬ គិតថា ពិន្ទុឥណទានរបស់អ្នកមានភាពមិនត្រឹមត្រូវ អ្នកក៏អាចធ្វើការប្ដឹងតវ៉ាទៅកាន់ការិយាល័យ ក្រេឌីត ប្យួរ៉ូ​ ខេមបូឌា ផងដែរ ដើម្បីធ្វើការព្រឹក្សា និង ផ្ទៀងផ្ទាត់ស្វែងរកភាពត្រឹមត្រូវនានា។

Comentários


bottom of page