top of page

តើអ្វីជា​ YOLO ឬ FOMO ?



“យើងកើតមកមានជីវិតតែមួយ ខណៈដែលមួយជីវិតមានតែម្ដង ម្ល៉ោះហើយរកបានប៉ុន្មានត្រូវចាយប៉ុណ្ណឹង”???


តើរាល់ថ្ងៃនេះអ្នកកំពុងរស់នៅក្រោមផ្នត់គំនិត YOLO និង FOMO ឬទេ? សម្រាប់អ្នកមិនទាន់ដឹង YOLO គឺ You Only Live Once បកប្រែជាខេមរភាសាថា មួយជីវិតមានតែម្ដង រីឯ FOMO គឺ Fear Of Missing Out ប្រែជាន័យថា​ ការខ្លាចចូលចំណោមគេមិនចុះ។ តែថា ផ្នត់គំនិត YOLO និង MOFO មានទាក់ទងអីនឹងការចាយវាយរបស់មនុស្សម្នាក់ៗ?


តាមពិតទៅ YOLO និង FOMO គឺស្រដៀងគ្នាទេ បើសិនជាយើងយកផ្នត់គំនិតទាំងពីរនេះមកនិយាយចូលក្នុងហិរញ្ញវត្ថុផ្ទាល់ខ្លួន វាគឺជាមនោគមនៃការចាយ (លុយ) ដែល​ផ្ដោតលើការចាក់បំពេញតម្រូវការ និងបទពិសោធន៍ជីវិតជាធំ ប៉ុន្ដែមិនសូវសម្លឹងឆ្ងាយពីអនាគតកាល។ YOLO កើតឡើងនៅពេលដែលអ្នកកំពុងសម្រេចចិត្តថា គួរចេញទៅ Dinner ក្រៅ ឬទៅ Dinner នៅផ្ទះ?


ប្រាកដណាស់ថា បើសិនដើរតាមផ្នត់គំនិត មួយជីវិតមានតែម្ដង ត្រូវសប្បាយនឹងបច្ចប្បន្ន អ្នកនឹងជ្រើសយកការចេញទៅអស់លុយខាងក្រៅជាក់ជាមិនខាន។ រីឯបរិបទ FOMO គឺកំពុងកើតមានញឹកណាស់ក្នុងសង្គម ជាពិសេសនៅពេលដែល​អ្នកប្រើបណ្ដាញសង្គម ដោយអ្នកខ្លះមិនទាន់ដឹងទេថា បណ្ដាញសង្គមនេះហើយដែល​ជះឥទ្ធិពលអវិជ្ជមានដល់ការចាយវាយរបស់អ្នក។ វាកើតឡើងនៅពេលអ្នកឃើញគេបង្ហោះ iphone សេរីចុងក្រោយ ហើយក៏ចាប់ផ្ដើមប្រៀបធៀបគេជាមួយខ្លួនឯង និងខ្លាចថាខ្លួនចូលក្នុងចំណោមគេមិនចុះ ទើបទិញ iphone សេរីចុងក្រោយនោះដែរ។


តើផ្នត់គំនិតទាំងពីរនេះគួរយកមកប្រើទេ? ចម្លើយគឺ ប្រើបាន អត់ខុសច្បាប់ឯណា។ ខំរកលុយរាល់ថ្ងៃ មួយផ្នែកមិនដើម្បីចាក់បំពេញតម្រូវការខ្លួនឯងទេឬ គ្រាន់តែចង់សប្បាយខ្លះ ហេតុអីមិនបាន? វាមិនអីទេបើអ្នកចង់សប្បាយ និងឲ្យតម្លៃទៅលើតម្រូវការបច្ចុប្បន្ន ប៉ុន្ដែបញ្ហាត្រង់ថា មនុស្សដែល​រស់នៅពឹងលើផ្នត់គំនិត YOLO និង FOMO ជាធំ គឺមានឱកាសប្រឈមនឹងការខកខានសំខាន់ៗ ដូចជា ផែនការទិញផ្ទះ ផែនការសម្រាករយៈវែង ផែនការវិនិយោគ និងសូម្បីតែផែនការចូលនិវត្តន៍។


សរុបខ្លីមកវិញ ការប្រកាន់ភ្ជាប់ផ្នត់គំនិតគឺអាស្រ័យលើមនុស្សម្នាក់ៗ ប៉ុន្ដែកុំភ្លេចថាផ្នត់គំនិតទាំងនោះអាចនឹងជះឥទ្ធិពលដល់ការគ្រប់គ្រងលុយកាក់របស់អ្នក ដូច្នេះអ្នកគប្បីត្រូវមានតុល្យភាពរវាង ផ្នត់គំនិតមួយជីវិតមានតែម្តង និងគម្រោងហិរញ្ញវត្ថុសម្រាប់អនាគត ហើយបើអាច អ្នកត្រូវចេះបត់បែន ដោយប្រែ FOMO ទៅ JOMO (Joy Of Missing Out) ដែល​ប្រែថា “ចូលចំណោមគេមិនចុះក៏មិនអីដែរ”៕

Comments


bottom of page