top of page

តើអ្នកមានធានារ៉ាប់រងឬនៅ? ហើយហេតុអីទើបសម្រេចចិត្តទិញ?អ្វីទៅជាក្រុមហ៊ុនធានារ៉ាប់រង? បានប្រាក់ចំណូលតាមរយៈអ្វីដែរ

ក្រុមហ៊ុនធានារ៉ាប់រង គឺជាក្រុមហ៊ុនដែលលក់កិច្ចសន្យារ៉ាប់រងដើម្បីប្តូរយកកម្រៃជាប្រចាំដែលគេហៅថា បុព្វលាភ។ ជាឧទាហរណ៍ បើអ្នកទិញធានារ៉ាប់រងសុខភាព ក្រុមហ៊ុននឹងចេញថ្លៃព្យាបាល និង ពិនិត្យសុខភាពរបស់អ្នក ទាំងស្រុង ឬ​ ដោយផ្នែក តាមកិច្ចសន្យាឬ គម្រោងដែលអ្នកទិញពីក្រុមហ៊ុន។ ដូចគ្នាដែរ បើអ្នកទិញធានារ៉ាប់រងអាយុជីវិតសម្រាប់ខ្លួនឯង ពេលដែលអ្នកស្លាប់ ឬពិការមិនអាចធ្វើការបាន (តាមលក្ខខ័ណ្ឌដែលបានកំណត់) ក្រុមហ៊ុននឹងសងប្រាក់សំណងមកកាន់អ្នក ​ឬអ្នកដែលអាចបានចុះឈ្មោះ។ ក្រុមហ៊ុនទាំងនេះទទួលបាន ប្រាក់ចំណូលតាមរយៈបុព្វលាភ ឬ កម្រៃដែលអ្នកបង់ឲ្យជាប្រចាំនេះ ហើយយកទៅវិនិយោគលើស្តុក ឬ ការវិនិយោគផ្សេងទៀត។ មួយវិញទៀត បើអ្នកធ្លាប់បានស្វែងយល់ អ្នកនឹងដឹងថាសម្រាប់ធានារ៉ាប់រងអាយុជីវិត ពេលដែលអ្នកដែលត្រូវបានធានាស្លាប់ ឬ ពិការ ក្រុមហ៊ុនសងមកវិញ ២ ឬ ៣ ដងឯណោះ ហើយនៅមានប្រាក់ប្រចាំឆ្នាំអីច្រើនទៀត។


មានឆ្ងល់អត់ថាបើសងម្លឹងៗ បានលុយឯណាសង

ការពិតទៅក្រុមហ៊ុនធានារ៉ាប់រងដែលលក់ធានារ៉ាប់រងឲ្យអ្នកនេះ មានក្រុមហ៊ុនមួយផ្សេងទៀតនៅពីក្រោយចាំសង ដែលក្រុមហ៊ុនមួយទៀតនេះគេហៅថា (reinsurer)។ គឺគេចែកចំណូលគ្នា ហើយពេលដែលគេត្រូវសង ក្រុមហ៊ុនមួយទៀតនេះនឹងជួយសងខ្លះ ។ មួយវិញទៀត ស្របពេលដែលគេសងអ្នកដែលត្រូវបានសំណង គេក៏ទទួលបានកម្រៃពីអ្នកផ្សេងទៀតដែមិនទាន់ត្រូវសង ហើយបង្វិលយកមកសងអ្នកដែលត្រូវសងផងដែរ។ គេនៅតែរ៉ាប់រងបាន ព្រោះជាទូទៅ អ្នកដែលត្រូវទទួលបានសំណងមានតិចជាងអ្នកដែលបង់ប្រាក់ឆ្ងាយ។


គួរឲ្យទុកចិត្តបានទេនេះ

ចម្លើយខ្លីគឺបាន។ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់សុទ្ធតែមានបញ្ជីចុះឈ្មោះនៅក្រសួងពាណិជ្ជកម្មត្រឹមត្រូវ ជាពិសេសបើក្រុមហ៊ុននោះជាក្រុមហ៊ុនល្បី និងមកពីក្រៅប្រទេសទៀត។ អ្នកប្រហែលជាធ្លាប់ឃើញគេផុសតាមបណ្តាញសង្គម និង លឺគេនិយាយថា ក្រុមហ៊ុនបោក មិនព្រមសងជាដើម។ តែអ្វីដែលអ្នកត្រូវដឹងគឺថាតើមូលហេតុអ្វីទើបគេមិនសង។ ជាទូទៅពាក្យថាធានារ៉ាប់រង គឺសុទ្ធតែមានភ្ជាប់ជាមួយលក្ខខ័ណ្ឌដែលគេមិនសង។ ឧទាហរណ៍ ធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុននឹងមិនសងអ្នកឡើយ បើអ្នកស្លាប់ដោយសម្លាប់ខ្លួន គ្រោះថ្នាក់ចរាចរណ៍ដោយអ្នកផឹកស្រវឹងបុកគេ ឬ ពិការមិនត្រូវតាមលក្ខខ័ណ្ឌ អីជាដើម លើកលែងតែគេមានគម្រោងសម្រាប់ធានារ៉ាប់រងករណីទាំងនេះ។ ហេតុនេះហើយ ពេលដែលទិញធានារ៉ាប់រង អ្នកត្រូវតែអានខ និង លក្ខខណ្ឌឲ្យច្បាស់ ​ព្រមទាំងសួរភ្នាក់ងារឲ្យអស់។ ភ្នាក់ងារខ្លះក៏មិនបានប្រាប់អតិថិជនអស់ផងដែរ ដោយខ្លាចអតិថិជនមិនទិញ ហេតុនេះអ្នកត្រូវសួររក និង អានខនិងលក្ខខណ្ឌឲ្យច្បាស់។


ខ្ញុំគួរមានធានារ៉ាប់រងទេ

ចម្លើយខ្លីដូចគ្នា គឺគួរមាន។ នៅប្រទេសជឿនលឿន ប្រជាជនសុទ្ធតែមានធានារ៉ាប់រង ជាពិសេសគឺអាយុជីវិត។ ជីវិតយើងម្នាក់ៗមើលមិនឃើញថាទៅថ្ងៃណាទេ។ តែអ្វីដែលអាក្រក់បំផុតនោះគឺ អ្នកមានបន្ទុក ដូចជាគ្រួសារ កូន ឪពុកម្តាយចាស់ជាដើម បើថ្ងៃណាមួយអស់ពីអ្នកទៅ អ្នកទាំងនេះនឹងមិនមានអ្វីសេសសល់សោះ។ តើពួកគេរស់បែបណា? ការមានធានារ៉ាប់រង ធានាអោយអ្នកបានថា ទោះថ្ងៃណាមួយអ្នកស្លាប់ឬពិការ ក៏គ្រួសារអ្នកមានប្រាក់ចាប់ផ្តើមមុខរបរថ្មី កូនអ្នកបានចូលរៀន និង ឪពុកម្តាយអ្នកនៅមានទីពឹងលុយកាក់ដែរ។ ចុះបើផុតកំណត់ហើយ អ្នកមិនអី? ធានារ៉ាប់រងខ្លះក៏ផ្តល់លុយត្រលប់មកអ្នកវិញ បូកជាមួយការប្រាក់ ដូចសន្សំលុយដែរ។ តែធានារ៉ាប់រងខ្លះ ក៏មិនផ្តល់ប្រាក់មកវិញដែរ គឺបើមិនមានរឿងអីទេ​លុយនឹងក៏អស់ដូចគ្នា។ ហេតុនេះ សរុបមកវិញ អ្នកគួរមាន តែគួរតែ ស្វែងយល់ឲ្យច្បាស់មុននឹងទិញ។


Comments


bottom of page