top of page

តើពាក្យ Teamwork និង Group Work មានភាពដូចគ្នា​ និងខុសគ្នាដូចម្ដេច?

Updated: Jan 25
តើពាក្យ Teamwork និង Group Work មានភាពដូចគ្នា​ និងខុសគ្នាដូចម្ដេច?

តាមពិតទៅ​ ពាក្យ Teamwork និង Group Work មានន័យដូចគ្នា បើយើងធ្វើការបកប្រែជាភាសាខ្មែរ គឺការធ្វើការងារជាក្រុម ដោយនៅក្នុងនោះមានសមាជិក ២​ ឬ ៣ នាក់ឡើងទៅ ចូលរួមធ្វើកិច្ចការងារអ្វីមួយឲ្យបានសម្រេចជាលទ្ធផល។ ការងារជាក្រុមនេះ មិនមែនតែមាននៅក្នុងការធ្វើកិច្ចការសាលានោះទេ តែវាមាននៅគ្រប់ទីកន្លែងរួមមាននៅកន្លែងធ្វើការ ការចូលរួមកិច្ចការងារសង្គម ជាពិសេសនៅក្នុងគ្រួសារក៏មានដែរ ព្រោះឪពុកម្ដាយតែងតែប្រាប់កូនៗថាត្រូវចេះជួយគ្នា ពេលធ្វើអ្វីមួយ។ ទាំងនេះហើយជារូបភាពនៃការធ្វើការងារជាក្រុម។


ខាងក្រោមនេះ យើងនឹងធ្វើការប្រៀបធៀបនូវលក្ខណៈខុសគ្នារបស់ពាក្យ Teamwork និង Group work៖


Teamwork
  • សមាជិក៖​ នៅក្នុង Teamwork សមាជិកម្នាក់ៗមានការសហការគ្នាបានល្អ ដោយធ្វើការផ្ដោតទៅលើចក្ខុវិស័យ និងគោលដៅតែមួយនៅក្នុងការសម្រេចនូវការងារផ្សេងៗ បើទោះបីជាពួកគេមានទំនួលខុសត្រូវ និងសកម្មភាពខុសៗគ្នាក៏ដោយ។

  • របៀបនៃការធ្វើការ៖ ចំពោះរបៀបនៃការធ្វើការវិញ ពួកគេមានជំហាន ៣ ជាទូទៅ ដោយដំបូង ធ្វើការបង្កើតនូវចក្ខុវិស័យ គោលដៅ និងយុទ្ធសាស្រ្ដ សម្រាប់ការងារទាំងនោះ។ បន្ទាប់មក​ ចាប់ផ្ដើមចេញជាសកម្មភាព ដោយមានការបែងចែកនូវទំនួលខុសត្រូវផ្សេងៗ ដើម្បីឲ្យដំណើរការរលូន។ ជំហានចុងក្រោយ គឺការសហការគ្នាយ៉ាងសកម្មនូវរាល់សកម្មភាព និងការផ្ដល់ដំណឹងនានាទៅកាន់សមាជិកទាំងមូលតាមរយៈការពិភាក្សា ដើម្បីសម្រេចជាសមិទ្ធផល។

  • ការដោះស្រាយបញ្ហា៖ ជាធម្មតាមានបញ្ហាខាងក្នុង និងខាងក្រៅ។ ចំពោះបញ្ហាខាងក្នុង គឺពួកគេតែងតែមានការគ្រប់គ្រងយ៉ាងល្អកម្រមានបញ្ហាណាស់ បើមានក៏ត្រូវបានដោះស្រាយយ៉ាងរហ័សដែរ។ ចំណែក បញ្ហាខាងក្រៅមកដល់ ពួកគេតែងតែផ្ដុំគំនិតគ្នាជាធ្លុង នឹងជាដំណោះស្រាយរួម ដើម្បីតទល់នឹងបញ្ហាទាំងនោះជានិច្ចបានយ៉ាងល្អ។

  • សមិទ្ធផល៖ បើនិយាយពីលទ្ធផល ដែលទទួលបានសុទ្ធតែដំណាងឲ្យក្រុមទាំងមូល ដោយមានភាពរហ័ស ជាមួយនឹងគំនិតស៊ីជម្រៅ និងបង្កើតជាសមិទ្ធិផលមួយមានភាពល្អប្រសើរ ព្រោះវាកើតចេញពីគំនិតជាច្រើន។

Group Work
  • សមាជិក៖ សមាជិកមានភាពឯករាជ្យនៅក្នុងការធ្វើកិច្ចការនីមួយៗ ដោយពួកគេនឹងធ្វើការបែងចែកនូវការងារផ្សេងៗគ្នា រួចទើបធ្វើការបញ្ចូលគ្នា។​ ជាក់ស្ដែងការធ្វើកិច្ចការសាលានៅក្នុងសម័យកូវីដ១៩នេះ។

  • របៀបនៃការធ្វើការ៖ ចំពោះរបៀបធ្វើការមិនសូវខុសគ្នាពី Teamwork ប៉ុន្មានទេ ដោយមានការបង្កើតនូវចក្ខុវិស័យ គោលដៅ និងបែងចែកការងារដូចគ្នា។ គ្រាន់តែ បន្ទាប់ពីមានការបែងចែកការងារហើយ ពួកគេមិនមានការចូលរួមធ្វើការសហការគ្នាទេ គឺរហូតទាល់តែសម្រេចកិច្ចការងាររៀងខ្លួន ទើបធ្វើការបញ្ចូលលទ្ធផលទាំងនោះចូលគ្នា។

  • ការដោះស្រាយបញ្ហា៖ ពេលមានបញ្ហាណាមួយត្រូវដោះស្រាយ ពួកគេមិនសូវមានភាពសហការគ្នារកដំណោះស្រាយទេ ច្រើនតែផ្ដល់លើបុគ្គលណាម្នាក់ដែលកាន់ផ្នែកនោះតែម្ដង។ ជាហេតុធ្វើឲ្យការដោះស្រាយបញ្ហាភាគច្រើន ផ្ដល់បន្ទុកទៅលើតែម្នាក់ៗ។

  • សមិទ្ធផល៖ ដោយសារតែការងារជា Group Work ត្រូវបានបែងចែកយ៉ាងដាច់ដោយឡែក ដូចនេះល្បឿននៃកិច្ចការភាគច្រើនលឿនជាង Teamwork តែអាចមានភាពខ្វះចន្លោះច្រើន ទើបសមិទ្ធផលមើលមានលក្ខណៈមិនសូវស៊ីសង្វាក់គ្នា ដោយសារតែមនុស្សម្នាក់ៗមានការគិតខុសៗគ្នា​ទោះបីជាធ្វើនូវកិច្ចតែមួយក៏ដោយ។


ជារួមមក Group Work និង Teamwork ជាការងារក្រុមដូចគ្នា តែមានលក្ខណៈខុសគ្នាច្រើន ហើយ Teamwork មើលទៅហាក់ដូចជាមានលទ្ធផលវិជ្ជមានច្រើនជាង ដោយសារតែការងារជា Teamwork មានភាពស៊ីសង្វាក់គ្នាល្អ ហេតុនេះហើយទើបមិនថា​នៅសាលា ឬកន្លែងធ្វើការនានា តែងតែលើកទឹកចិត្តឲ្យបុគ្គលទាំងអស់ ធ្វើការសហការគ្នាជា Team (ក្រុម)៕


 

Comments


bottom of page