top of page

ចំណូលសកម្ម និង ចំណូលអកម្ម


តើការបង្កើតចំណូលអកម្មងាយស្រួលឬទេ?

មួយម៉ាត់យ៉ាងខ្លីគឺ “មិន” ងាយស្រួល ដូចធ្លាប់ឮគេថាទេ ហើយអ្នកខ្លះអាចនៅប្រហែលកំពុងយល់ច្រឡំផងថា ចំណូលមួយចំនួនជាចំណូលអកម្ម ទាំងដែល​តាមពិតទៅជាចំណូលសកម្មសោះ។


តើអ្វីទៅជាចំណូលសកម្ម?

ចំណូលសកម្ម គឺជាចំណូលទាំងឡាយណាដែល​អ្នកបានមក​ដោយការចំណាយពេល និងកម្លាំងពលកម្មទាំងកាយ​ និងខួរក្បាល។​


ចំណូលទាំងនោះមានដូចជា៖

  • ចំណូលពីការងារពេញម៉ោង/ក្រៅម៉ៅង

  • ចំណូលពីការងារឯករាជ្យ

  • ចំណូលពី Bonus

  • ចំណូលពី Commission ឬ tip


មនុស្សមួយចំនួននៅភាន់ច្រលំនៅឡើយរវាងចំណូលសកម្ម និងចំណូលអកម្ម។ ឧទាហរណ៍ដូចជាចំណូលពីការធ្វើ Blog ដែល​អ្នកគិតថានេះជាចំណូលអកម្ម ប៉ុន្ដែបើគិតឲ្យស៊ីជម្រៅទៅ នេះគឺជាចំណូលសកម្មទេ។ អ្នកទាំងអស់គ្នាសាកគិតមើល ដើម្បីសរសេរអត្ថបទមួយដែល​ខ្លឹម និងមានគុណភាព គឺតម្រូវឲ្យអ្នកចំណាយពេលតាក់តែងយ៉ាងហោចណាស់ក៏ ២ ម៉ោងដែរ ណានៅកែសម្រួលចុះឡើងៗទៀតទម្រាំបានផុស។ សកម្មភាពទាំងនេះគឺស៊ីពេលវេលារបស់អ្នក ព្រមជាមួយកម្លាំងពលកម្មខួរក្បាល ដូច្នេះនេះគឺជាចំណូលសកម្ម មិនមែនអកម្មទេ។


ចុះអ្វីទៅជាចំណូលអកម្ម?

ចំណូលអកម្ម គឺជាចំណូលណាដែលអ្នករកបានដោយមិនចាំបាច់ប្រើកម្លាំងពលកម្ម និងពេលវេលា ពោលគឺអ្នកអាចរកចំណូលទាំងនោះបានសូម្បីពេលគេងលក់ ដើរលេង ឬពេលហាត់ប្រាណ។


ចំណូលទាំងនោះមានដូចជា៖

  • ភាគលាភពីភាគហ៊ុន

  • តម្លៃគូប៉ុងពីសញ្ញាបណ្ណ

  • អត្រាការប្រាក់ពីគណនីសន្សំ

  • អត្រាការប្រាក់ពីប្រាក់ដែល​អ្នកឲ្យគេខ្ចី

  • ការវិនិយោគលើអចលនទ្រព្យ

អ្នកត្រូវដឹងថា ការបង្កើតចំណូលអកម្មមិនមែនងាយស្រួលទេ ហើយកុំសូវជឿថាអត់លុយក៏អាចបង្កើតចំណូលអកម្មបាននោះ ដែល​តាមពិតទៅ អ្នកត្រូវការប្រាក់ (ដែលបានមកពីចំណូលសកម្ម) ដើម្បីបង្កើតចំណូលអកម្មទាំងនោះ។ ម្យ៉ាងទៀត ចំណូលអកម្ម អាចកើនតាមរយៈរូបភាពពីរ៖ (១) អ្នកដាក់ប្រាក់ (ដើម) បន្ថែមដើម្បីបង្កើនផលចំណេញ និង (២) ចំណូលអកម្មនឹងកើនឡើងនៅពេលដែល​ទ្រព្យសកម្មកើនតម្លៃ៕

Comments


bottom of page