top of page

គំនិតគួរពិចារណា៖ សញ្ញាប័ត្រ ក្នុង Vs. ក្រៅប្រទេសសញ្ញាប័ត្រក្នុង ន័យនេះមានភាពទូលាយ តែយើងសូមផ្តោតចាប់ពីកម្រិតបរិញ្ញាប័ត្រឡើង រហូតដល់បណ្ឌិត ដូច្នេះប្រសិនបើប្រៀបធៀបកម្រិតបរិញ្ញាប័ត្រក្នុងប្រទេស ក្នុងន័យជាសមមូល ក៏ត្រូវប្រៀបធៀបកម្រិតបរិញ្ញាប័ត្រក្រៅប្រទេសដូចគ្នា ។


តាមការពិតទៅមានមតិច្រើនណាស់លើកឡើងថា សញ្ញាប័ត្រមកពីក្រៅប្រទេសទើបជាសញ្ញាប័ត្រមានស្តង់ដារ ព្រោះដោយសារប្រព័ន្ធអប់រំរបស់ប្រទេសគេដូចជាប្រទេសសិង្ហបុរីជាដើម មានកម្រិតខ្ពស់ជាងប្រទេសកម្ពុជា រីឯការអនុវត្តជាក់ស្តែងគឺដូចនឹងមតិនេះមែន យើងតែងសង្កេតឃើញចាស់ៗ និងអ្នកមានបទពិសោធន៍ ច្រើនតែជំរុញកូនចៅ ឱ្យដាក់ប្រកួតប្រជែងប្រលងយកអាហារូបករណ៍ដើម្បីមានឳកាសបានទៅរៀននៅក្រៅប្រទេស។ ត្បិតតែអាហារូបករណ៍ទៅក្រៅប្រទេសមានអត្ថប្រយោជន៍ច្រើនក៏ពិតមែន តែក៏មានប្រឈមមួយចំនួនដែលជាទូទៅមិនសូវបានត្រូវគេលើកមកនិយាយ ព្រោះយើងឃើញតែរូបភាពពីអ្នកដែលបញ្ចប់ដោយជោគជ័យពីក្រៅប្រទេស និង មិនសូវឃើញអ្នកដែលរៀនបានពាក់កណ្តាលទីត្រូវបង្ខំចិត្តឈប់រៀន។ ជាក់ស្តែងទៅរៀននៅក្រៅប្រទេស គឺជារឿងលំបាក តែមិនមែនមានន័យថាទៅមិនរួចទេ យ៉ាងណាមិញត្រូវរៀបចំខ្លួនប្រឈមនឹងបញ្ហាដូចជា កម្រិតភាសា គុណភាពអប់រំ និង បញ្ហាហិរញ្ញវត្ថុផងដែរ ។ កម្រិតភាសាគឺជារឿងសំខាន់មួយ ព្រោះសម្រាប់ប្រទេសមួយចំនួនក្រៅពីប្រើភាសាអង់គ្លេស គេនិយមប្រើភាសាជាតិគេ ដែលធ្វើឱ្យ សិស្ស-និស្សិតដែលមិនចេះភាសាតំបន់នឹងជួបបញ្ហាលំបាក ក្រៅពីនេះគឺគុណភាពអប់រំំ ត្រង់ចំណុចនេះយើងអាចធ្វើការចោទសួរថា ប្រសិនបើគុណភាពអប់រំ ស្តង់ដារល្អជាងកម្ពុជា តើ ល្អដល់កម្រិតណា និង​សមនឹងតម្លៃត្រូវចាកចេញពីផ្ទះដែរឬទេ? ក្រៅពីនេះនៅមានបញ្ហាហិរញ្ញវត្ថុមួយទៀត ដែលពាក់ព័ន្ធនឹងការចំណាយប្រចាំថ្ងៃព្រោះមនុស្សភាគច្រើនគិតថាអាហារូបករណ៍ដែលផ្តល់ឱ្យជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែមច្រើនប្រហែលជាអាចរស់នៅបាន តែជាក់ស្តែងពេលខ្លះប្រាក់ឧបត្ថម្ភដែលផ្តល់ឱ្យឃើញដូចច្រើននោះគិតជាតម្លៃប្រាក់បៀរវត្សពិត (Real Wage) គឺមិនគ្រប់គ្រាន់សម្រាប់រស់នៅប្រទេសគេទេដោយសារថ្លៃទំនិញ និងសេវាថ្លៃជាងប្រទេសកម្ពុជា ។សម្រាប់ប្រទេសកម្ពុជា ការធ្វើកំណែទម្រង់ស៊ីជម្រៅប្រព័ន្ធអប់រំចាប់ផ្តើមដំបូងបំផុតនៅពេលប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ 2014 (បាក់ឌុប 2014) តាមរយៈរឹតបន្តឹងការប្រលងបញ្ចប់ចេញពីវិទ្យាល័យដែលតម្រូវឱ្យសិស្សរើសរវាងជំនាញ វិទ្យាសាស្រ្តពិត (Real Science) និង វិទ្យាសាស្រ្តសង្គម (Social Science)។ ការធ្វើកំណែទម្រង់នេះ គឺនៅត្រឹមកម្រិតវិទ្យាល័យតែប៉ុណ្ណោះ មិនមែនជាកំណែទម្រង់កម្រិតសាកលវិទ្យាល័យឡើយ ដូច្នេះត្រង់ថាសិស្សដែលប្រលងជាប់បាក់ឌុបមានគុណភាពឬអត់ អាចនិយាយបានថាមានព្រោះឆ្លងកាត់ការប្រលងដែលមានគុណភាព តែនៅពេលសិស្ស-និស្សិតបានបញ្ចប់កម្រិតបរិញ្ញាប័ត្រចេញពីសាកលវិទ្យាល័យ ត្រង់ថាមានគុណភាពឬអត់គឺពិបាកសន្មត់ ។ ដូច្នេះយើងឃើញក្រុមហ៊ុនស្តង់ដារអន្តរជាតិដែលរើសនិស្សិតរៀនចប់ក្នុងប្រទេសចូលធ្វើការតែងមានការធ្វើតេស្តសមត្ថភាពបន្ថែមតាមរយៈការប្រលងតក្កវិទ្យា (Logic), ចំណេះដឹងបច្ចេកទេសប្រសិនបើជាមុខងារគណនេយ្យករ គេនឹងឱ្យធ្វើលំហាត់ករណីគណនេយ្យ និង មានការសម្ភាសចំនួន ២ ដំណាក់កាលយ៉ាងតិចជាមួយនឹងផ្នែកធនធានមនុស្ស (HR) និង ជាមួយកម្រិតប្រធានផ្នែក (Manager Level) ។សរុបមកវិញប្រសិនបើសួរថាតើសញ្ញាប័ត្ររៀនចប់ពីស្រុកក្រៅសុទ្ធតែល្អជាងក្នុងប្រទេសឬ? ត្រូវពិនិត្យមើលលក្ខខ័ណ្ឌផងដែរថា សញ្ញាប័ត្រក្រៅប្រទេស តើកម្រិតប្រទេសណា? រីឯការអនុវត្តការងារជាក់ស្តែងមានភាពលំបាកដោយសារជាលក្ខណៈចិត្តសាស្រ្ត First Impression គឺគេផ្តល់តម្លៃឱ្យអ្នកចប់ពីក្រៅស្រុកមានអាទិភាពលើអ្នករៀនចប់ត្រឹមក្នុងស្រុក ដូច្នេះវានៅលើការតេស្តសមត្ថភាពជាក់ស្តែងបើទោះជាមានសញ្ញាប័ត្រក៏ដោយក្តីសម្រាប់និស្សិតរៀនចប់ក្នុងប្រទេស៕

Comments


bottom of page