top of page

កុំរស់តែដើម្បីធ្វើការយកលុយមកផ្ទះ

ព្រឹកមិនទាន់ទេត្រូវរៀបចំខ្លួនទៅធ្វើការទៀតហើយ!​ គ្រាន់តែគិតក៏មានអារម្មណ៍ថាអស់កម្លាំងដែរ តែធ្វើម៉េចបើវាជាកាតព្វកិច្ចរបស់យើងទៅហើយ!



ដោយសារតែភារកិច្ច និង ទំនួលខុសត្រូវនៃការងារទើបធ្វើឲ្យយើងបាត់បង់តុល្យភាពនៃជីវិត ជាពិសេសពំុសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង មិត្តភក្តិ​ និងគ្រួសារ។ ប៉ុន្តែកុំភ្លេចសួរខ្លួនឯងថា តើមួយជីវិតយើងមាន ១០ឆ្នាំប៉ុន្មានដង? ទម្រាំយើងរៀនចប់ និងមានការងារធ្វើ គឺអាយុខ្ទង់២០ទៅហើយ វ័យ ៣០-៤០ មានថវិកាតែគ្មានពេលវេលា ដល់អាយុ ៥០-៦០ មានពេលវេលា មានថវិការទៀត តែគ្មានកម្លាំងព្រោះដល់ជរាភាពទៅហើយ។ កុំចាំដល់មានអ្វីគ្រប់យ៉ាងទើបអាចចំណាយពេលជាមួយក្រុមគ្រួសារបាន ព្រោះពេលវេលាមិនចាំយើងទេ នៅថ្ងៃដែលអ្នកជោគជ័យអ្នកដែលនៅចាំអបអរសាទរជាមួយអ្នកអាចនឹងលែងមានវត្តមានលើលោកនេះក៏​ថា​បាន​។​ ដូចនេះ យើងគួរតែឆ្លៀតពេលដកឃ្លាពីអំរែកការងារ និងសាកថ្មឲ្យជីវិតខ្លះ កុំឲ្យមានការសោកស្តាយនៅថ្ងៃក្រោយ។


ចុះក្រៅពីផ្តោតសំខាន់ទៅលើការស្វែងរកប្រាក់ចំណូលហើយ តើយើងគួរសម្លឹងទៅលើគុណតម្លៃអ្វីបន្ថែមទៀត?


 

បើគ្រាន់តែចំណាយពេល ២-៣ថ្ងៃ ឈប់សម្រាកពីការងារទៅដើរកម្សាន្តនៅកន្លែងណាមួយជាមួយមនុស្សជាទីស្រលាញ់ (ក្រុមគ្រួសារ​ មិត្តភក្តិ បងប្អូន) នោះវាមិនខាតបង់អ្វីច្រើនទេ។ ផ្ទុយទៅវិញ យើងនឹងទទួលបាននូវបទពិសោធន៍ជីវិត ព្រមទាំងពេលវេលាមានតម្លៃដែលជាអត្ថន័យល្អៗសម្រាប់ខ្លួនឯងផ្ទាល់ក៏ដូចជាអ្នកជុំវិញខ្លួនទៀតផង។ មិនត្រឹមតែប៉ុនណោះ យើងក៏បានរំសាយអារម្មណ៍ពីសម្ពាធការងារ និងសម្ពាធជីវិតផងដែរ។​


 

ឈប់សម្រាកពីការងារហើយទៅដើរលេង គឺជាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍មែនឬ? អ្នកដែលមានគំនិតបែបនេះ ប្រហែលជាមើលពិភពលោកក្នុងផ្លូវតូចចង្អៀតណាស់។ ការដើរលំហែ មិនត្រឹមតែជួយដោះស្រាយបញ្ហាផ្លូវចិត្ត (ស្រ្តេស) ទេ ក៏ប៉ុន្តែអ្នកថែមទាំងស្គាល់កន្លែងស្រស់ស្អាតថ្មីៗ ភ្លក់ម្ហូបប្លែកៗ និងបន្ថែមរសជាតិឲ្យជីវិតទៀត។ ទាន់នៅមានកម្លាំង ដើរលេងទាំងក្នុង ឬក្រៅប្រទេសឲ្យហើយទៅ ប្រយ័ត្នស្តាយក្រោយ!


 

ការធ្វើការដើម្បីចិញ្ចឹមជីវិតគឺជារឿងសំខាន់ តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺយើងចេះផ្ដល់សេចក្ដីសុខ​ និងស្រឡាញ់ខ្លួនឯង​។ បើយើងមិនខ្វាយខ្វល់ពីជីវិតរបស់យើងផង តើទៅរំពឹងឲ្យអ្នកណាជួយឈឺឆ្អាលជំនួសនោះ? ជីវិតយើងមិនមែនកើតមកដើម្បីតែរៀនសូត្រ​ហើយ អង្គុយធ្វើការនៅក្នុងការិយាល័យ និងរស់នៅជាមួយតែឯកសាររហូតដល់ថ្ងៃស្លាប់ទេ។ យើងត្រូវបែងចែកកាលវិភាគជីវិត រួចផ្តល់តម្លៃលើសុភមង្គល និងសុខភាពផ្ទាល់ខ្លួន ព្រោះបើអ្នកមិនសប្បាយចិត្ត ឬសុខភាពមិនល្អ អ្នកក៏គ្មានកម្លាំងកំហែងធ្វើ

ការងារដែរ៕

Comments


bottom of page