គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច

ថ្វីត្បិតវិបត្តិកូវីដ១៩​ មានភាពប្រសើរឡើងជាងឆ្នាំមុនៗក្តី យ៉ាងណាមិញវិបត្តិហិរញ្ញវត្ថុអាចនឹងនៅបន្តកើតមានឡើងទៀត ​ហេតុដូច្នេះវាចាំបាច់ដែលអ្នកត្រូវគប្បីចេះស្វែងយល់ក្នុងការគ្រប់គ្រង។ ដូច្នេះថ្ងៃនេះដែរ CamboFinance នឹងប្រាប់ពីគន្លឹះសំខាន់ៗចំនួន ១០ សម្រាប់ប្រិយមិត្តអ្នកអានគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនក្នុងគ្រួសារអោយមានប្រសិទ្ធិភាព៖

តាមដានព៌ត័មានជាប្រចាំរបស់រដ្ឋាភិបាល

សូមធ្វើការតាមដានព៌ត័មានជាប្រចាំដែលធ្វើបច្ចុប្បន្នភាពដោយរដ្ឋាភិបាលតាមប្រព័ន្ធផ្សព្វផ្សាយដែលអាចធ្វើបាន ព្រោះក្នុងកាលៈទេសៈលំបាកនេះអ្នកដែលអាចទទួលបានព៌ត័មានច្រើនជាងគេនឹងមានឳកាសច្រើនជាងគេ ព៌ត័មានសំខាន់ៗដែលអ្នកគួរតាមដានរួមមាន ហ្វេសប៊ុកក្រសួងសុខាភិបាល ជំនួយហិរញ្ញវត្ថុ ឳកាសការងារ ការឧបត្ថម្ភផ្សេងៗ...។

គ្រប់គ្រង និង កែប្រែចំណាយ

អ្នកចាំបាច់ត្រូវកែប្រែការចំណាយមួយចំនួនដែលមិនចាំបាច់ដូចជាទៅលើគ្រឿងស្រវឹង ស្រា បារី ជាដើម ហើយធ្វើការគ្រប់គ្រងទៅលើចំណាយណាដែលចាំបាច់ប្រចាំថ្ងៃសម្រាប់រស់នៅ​ អ្នកគួរចាប់ផ្តើមពិភាក្សាជាមួយអ្នកផ្ទះ តើគួរផ្តោតចំណាយលើអ្វីខ្លះដែលសំខាន់ តើគួររកការងារបន្ថែមពីផ្ទះដែររឺទេដើម្បីរកប្រាក់ចំណូលបន្ថែម ។

បង្កើតផែនការចំណាយ

ដើម្បីគ្រប់គ្រងចំណាយបានល្អ អ្នកត្រូវចេះបង្កើតផែនការចំណាយសម្រាប់តាមដានពីតម្រូវការដែលអ្នកចាំបាច់បន្ទាន់ និង តម្រូវការណាដែលមិនទាន់ចាំបាច់ ការគ្រប់គ្រងចំណាយបានល្អនឹងមិនធ្វើអោយអ្នកមានបញ្ហាលំហូរសាច់ប្រាក់នៅពេលត្រូវការចំណាយឡើយ ។

ធ្វើការសន្សំនិងវិនិយោគជាប់ជាប្រចាំ

សូមធ្វើការសន្សំអោយបានជាប់ជាប្រចាំមិនថាតិចរឺច្រើន លុយដែលអ្នកមិនត្រូវការចាយថ្ងៃនេះ សន្សំទុក នឹងអាចទុកថាជាចំណូលនៅថ្ងៃស្អែក ការសន្សំក៏មានប្រយោជន៍ផងដែរនៅពេលស្ថានភាពមានការប្រែប្រួល អ្នកមានប្រាក់រក្សាទុកគ្រប់គ្រាន់សំរាប់ចាយវាយ ងាកមកមើលការវិនិយោគវិញ ទាំងភាគហ៊ុននិងប័ណ្ណបំណុល កំពុងមានតម្លៃទាបលើទីផ្សារដោយសារវិបត្តិកូវីដ១៩ ដូច្នេះអ្នកអាចទិញប័ណ្ណភាគហ៊ុនផ្សេងៗក្នុងតម្លៃទាបជាងរាល់ដង តែ សូមរក្សាសាច់ប្រាក់ខ្លះជាប់ក្នុងខ្លួនផង ។

ខ្ចីលុយដែលមានអត្រាការប្រាក់ទាប

ដើម្បីជំរុញអោយសេដ្ឋកិច្ចមានដំណើរការក្នុងពេលមានវិបត្តិរដ្ឋាភិបាលបានពន្យាពេលធនាគារមិនអោយទារលុយអ្នកជំពាក់ ក្រៅពីនេះក៏ដាក់សំពាធអោយធនាគារមួយចំនួនបញ្ចុះអត្រាការប្រាក់ខ្ចីលុយផងដែរ នេះឳកាសសម្រាប់អ្នកមានផែនការត្រឹមត្រូវក្នុងការរកស៊ីរឺវិនិយោគផ្សេងៗអាចខ្ចីលុយបានក្នុងអត្រាទាប ។

គ្រប់គ្រងបំណុល

សូមធ្វើការគ្រប់គ្រងបំណុលដោយប្រុងប្រយ័ត្នបើមិនអាចសងបំណុលបានខ្លះទេ សូមកុំបង្កើតបំណុលបន្ថែម ហើយ ប្រសិនជ្រុលបង្កើតបំណុលបន្ថែមសូមប្រើប្រាស់លុយអោយមានប្រយោជន៍ ក្នុងករណីសងបំណុលសូមជ្រើសរើសសងបំណុលណាដែលមានអត្រាការប្រាក់ខ្ពស់ជាងគេមុន ។

ប្រើប្រាស់បច្ចេកវិទ្យាជំនួយ

កម្មវិធីជំនួសផ្សេងៗអ្នកអាចទាញយក (download) មកប្រើប្រាស់ដោយមិនគិតថ្លៃសម្រាប់គ្រប់គ្រងលុយប្រចាំថ្ងៃរបស់អ្នកអោយមានប្រសិទ្ធិភាពជាងមុន CamboFinance សូមណែនាំកម្មវិធីឈ្មោះ «កត់ត្រា» ដែលជាកម្មវិធីជំនួយធ្វើអោយអ្នកមានភាពងាយស្រួលក្នុការតាមដានចំណាយប្រចាំថ្ងៃ ។

រក្សាពិន្ទុឥណទាន (Credit Score)

សូមព្យាយាមរក្សាពិន្ទុឥណទានរបស់អ្នកអោយបានល្អ ព្រោះវានឹងប៉ះពាល់ដល់លទ្ធភាពដែលធនាគារអោយអ្នកខ្ចីបំណុល ត្បិតតែយើងចៀសវាងការបង្កើតបំណុលតែមើលមិនឃើញពេលណាដែលត្រូវការលុយចាំបាច់ ។

ប្រុងប្រយ័ត្ននឹងក្រុមឆបោក

វាជារឿងធម្មតាមួយ ក្នុងស្ថានភាពលំបាកមនុស្សម្នាក់ៗនឹងព្យាយាមរកលុយអោយបានច្រើនជាងមុន ខំធ្វើការច្រើនជាងមុន តែខំនឹងអាចមានក្នុងទម្រង់រូបភាពមិនល្អតួយ៉ាងឆបោកជាដើម ដូច្នេះសូមប្រុងប្រយ័ត្នចំពោះក្រុមឆបោកទាំងអស់នេះអាចមានក្នុងទម្រង់ផ្តល់ឳកាសការងារតែតាមពិតបោកសោះ ។

ថែរក្សាសុខភាព

សូមថែរក្សាសុខភាពរបស់អ្នកអោយបានល្អ ដូចប្រសាសន៍សម្តេចតេជោលើកឡើង បើមិនចាំបាច់ទេសូមកុំចេញពីផ្ទះ ការថែរក្សាសុខភាពបានល្អនឹងជួយអោយអ្នកចៀសវាងចំណាយមិនចាំបាច់មួយចំនួនផងដែរ ។

Our awesome features